ព្រះត្រៃបិដក ភាគ ១៤

 [​១៨៥​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​របស់​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ដោយ​ព្រះហឫទ័យ​ហើយ​ ​ក៏​ទ្រង់ព្រះតម្រិះ​យ៉ាងនេះ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​នេះ​ ​ចង្អៀតចង្អល់​ ​ព្រោះតែ​គំនិត​របស់​ខ្លួន​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​សួរ​ប្រស្នា​នឹង​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ត្រង់​ត្រៃវេទ​ ​ដែល​គាត់​បាន​សិក្សា​ ​មក​អំពីសំណាក់​អាចារ្យ​ ​របស់​ខ្លួន​ ​(​ឲ្យត្រូវតាម​បំណង​ចុះ​)​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​មនុស្ស​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ថា​ជា​ព្រាហ្មណ៍​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​។​ ​គ្រានោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​មាន​សេចក្តី​ប្រាថ្នា​ ​សេចក្តី​ប៉ុនប៉ង​ ​សេចក្តី​ពេញចិត្ត​ ​សេចក្តី​ប្រុង​ទុកណា​ ​រួចមក​ហើយ​ថា​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​បាន​ព្រះសមណគោតម​ ​សួរ​ប្រស្នា​នឹង​អាត្មាអញ​ ​ត្រង់​ត្រៃវេទ​ ​ដែល​អាត្មាអញ​បាន​សិក្សា​មក​ ​អំពីសំណាក់​អាចារ្យ​របស់​ខ្លួន​ ​អាត្មាអញ​ ​នឹង​ធ្វើ​ព្រះទ័យ​នៃ​ព្រះសមណគោតម​ ​ឲ្យ​ត្រេកអរ​ ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ដោយពិត​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636809466115980650
ទៅកាន់ទំព័រ៖