ព្រះត្រៃបិដក ភាគ ១៤
ក៏ឥឡូវនេះ ព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួន ត្រូវចំសេចក្តីប្រាថ្នាអញនោះហើយ អាត្មាអញ មុខជាធ្វើព្រះទ័យនៃព្រះសមណគោតម ឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍បានដោយពិត។
[១៨៦] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ក៏បង្ហើបខ្លួន អើតមើលបរិសទ្យ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គ៥ ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ៥នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង អង្គទាំង៥នោះ តើដូចម្តេច បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនដែលមាននរណាពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើត១ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ១ ជាអ្នកមានរូបល្អ
ID: 636809466417687907
ទៅកាន់ទំព័រ៖