ព្រះត្រៃបិដក ភាគ ១៤
សោណទណ្ឌព្រាហ្មណ៍ ជាអ្នកប្រាជ្ញផង សោណទណ្ឌព្រាហ្មណ៍ ល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹងព្រះសមណគោតមបានផង អ្នកទាំងឡាយ ចូរឈប់ចុះ ចូរឲ្យសោណទណ្ឌព្រាហ្មណ៍ និយាយឆ្លើយឆ្លងជាមួយនឹងតថាគតវិញ។
[១៩១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា សូមព្រះគោតមដ៏ចំរើន បង្អង់សិនចុះ សូមព្រះគោតមដ៏ចំរើនគង់ស្ងៀមចុះ ខ្ញុំព្រះអង្គ នឹងធ្វើនូវពាក្យតបត ប្រកបដោយហេតុ ដល់ព្រាហ្មណ៍ទាំងនោះវិញ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយកុំពោលយ៉ាងនេះឡើយ នែអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយកុំពោលយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន បណ្តោយតាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយដូច្នេះឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំមិនមែននិយាយបង្អាប់សម្បុរ ឬមន្ត និងជាតិទេ។
ID: 636809468015659306
ទៅកាន់ទំព័រ៖