ព្រះត្រៃបិដក ភាគ ១៤
[១៩២] សម័យនោះឯង មានមាណព (មនុស្សជំទង់) ម្នាក់ឈ្មោះអង្គកៈ ត្រូវជាក្មួយសោណទណ្ឌព្រាហ្មណ៍ អង្គុយក្នុងពួកបរិសទ្យនោះដែរ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ បានឃើញមាណព ឈ្មោះអង្គកៈនេះ ជាក្មួយយើងដែរឬទេ។ ព្រាហ្មណ៍ទាំងនោះ ក៏ឆ្លើយថា បពិត្រលោកដ៏ចំរើន បានឃើញដែរ បពិត្រលោកដ៏ចំរើន អង្គកមាណព មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង ក្នុងបរិសទ្យនេះ រកអ្នកណាឲ្យមានសម្បុរស្មើនឹងអង្គកមាណពនេះ គ្មានឡើយ លើកលែងតែព្រះសមណគោតមចេញ។ សោណទណ្ឌព្រាហ្មណ៍ពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន អង្គកមាណព ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកចាំស្ទាត់នូវបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ឯខ្ញុំជាអ្នកបង្រៀនមន្ត ដល់វា
ID: 636809468293815215
ទៅកាន់ទំព័រ៖