ព្រះត្រៃបិដក ភាគ ១៤

ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឯ​អង្គ​ក​មាណព​ ​មាន​ជាតិ​ដ៏​ល្អ​ទាំងពីរ​ចំណែក​ ​គឺ​ចំណែកខាង​មាតា​ ​និង​ចំណែកខាង​បិតា​ ​កើតអំពី​ផ្ទៃ​ដ៏​បរិសុទ្ធ​ស្អាត​ ​ដរាប​អំពី​តំណ​នៃ​ជីដូនជីតា​ជា​គំរប់៧មក​ ​មិនដែល​មាន​នរណា​មួយ​ពោលទោស​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ​ខ្ញុំ​ក៏​ស្គាល់​មាតាបិតា​របស់​វា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​តែ​អង្គ​ក​មាណព​សម្លាប់សត្វ​ខ្លះ​ ​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ខ្លះ​ ​ប្រព្រឹត្ត​ខុស​ក្នុង​ភរិយា​អ្នកដទៃ​ខ្លះ​ ​និយាយ​កុហក​ខ្លះ​ ​ផឹកទឹក​ស្រវឹង​ខ្លះ​ ​ឥឡូវ​ ​បើ​លើកយក​សេចក្តី​នេះ​មក​និយាយ​ ​វណ្ណៈ​ ​នឹង​យកជាការ​អ្វី​បាន​ ​មន្ត​ ​នឹង​យកជាការ​អ្វី​បាន​ ​ជាតិ​ ​នឹង​យកជាការ​អ្វី​បាន​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ ​(​ដែល​ប្រកបដោយ​អង្គ២​)​ ​គឺជា​អ្នកមានសីល​ ​មាន​សីល​ដ៏​ចំរើន​ ​ប្រកបដោយ​សីល​ដ៏​ចំរើន១​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២​ ​របស់​ពួក​ព្រាហ្មណ៍​ ​អ្នកទទួល​គ្រឿងបូជា១​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​រមែង​បញ្ញត្ត​មនុស្ស​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ២នេះឯង​ ​ថា​ជា​ព្រាហ្មណ៍​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ២នេះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​។​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636809468570721053
ទៅកាន់ទំព័រ៖