ព្រះត្រៃបិដក ភាគ ១៤
បង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គគ្រាន់តែបានដឹងថា សីល និងប្រាជ្ញាប៉ុណ្ណេះ ឯត្រង់សេចក្តីអធិប្បាយ (មិនដឹងថា) ដូចម្តេចទេ សូមព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់បំភ្លឺសេចក្តីអធិប្បាយ នៃភាសិតនុ៎ះឲ្យទាន។
[១៩៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរអ្នកយកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ សោណទណ្ឌព្រាហ្មណ៍ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយ ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលព្រាហ្មណ៍ ព្រះតថាគតបានកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ (រឿងនេះ អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលព្រាហ្មណ៍ ភិក្ខុ រមែងជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ នេះឯង ដែលហៅថាសីលនោះ។ ភិក្ខុបានសម្រេចបឋមជ្ឈាន សម្រេចឥរិយាបថនៅ។ ទុតិយជ្ឈាន។ តតិយជ្ឈាន។ បានសម្រេចចតុត្ថជ្ឈាន សម្រេចឥរិយាបថនៅ។បេ។ ភិក្ខុទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។បេ។ នេះឯង ជា(សេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ។បេ។
ID: 636809469570728250
ទៅកាន់ទំព័រ៖