ព្រះត្រៃបិដក ភាគ ១៤
មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ បុគ្គលនោះ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ (អា) តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ រឿងនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន១សំវដ្តវិវដ្តកប្បខ្លះ ២សំវដ្តវិវដ្តកប្បខ្លះ ៣សំវដ្តវិវដ្តកប្បខ្លះ ៤សំវដ្តវិវដ្តកប្បខ្លះ ៥សំវដ្តវិវដ្តកប្បខ្លះ ១០សំវដ្តវិវដ្តកប្បខ្លះ
ID: 636809364041272311
ទៅកាន់ទំព័រ៖