ព្រះត្រៃបិដក ភាគ ១៤
មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលដែលកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុននុ៎ះ ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។
ID: 636809364990786620
ទៅកាន់ទំព័រ៖