ព្រះត្រៃបិដក ភាគ ១៤
[៣០] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះ ពោលនូវពាក្យដែលខ្លួនស្រាវជ្រាវ បានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថាទៀង។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា សមណព្រាហ្មណ៍ទាំងឡាយឯណានីមួយ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង
ID: 636809365252751604
ទៅកាន់ទំព័រ៖