ព្រះត្រៃបិដក ភាគ ១៤

កាលដែល​លោកវិនាស​ទៅ​ ​ពួក​សត្វ​ច្រើនតែ​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្ម​។​ ​ពួក​សត្វ​ដែល​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្ម​នោះ​ ​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​យូរ​អស់​កាល​ជា​អង្វែង​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ដែល​លោក​នេះ​ត្រូវ​កើតឡើង​វិញ​ម្តង​ៗ​ ​ដោយ​អំណឹះ​នៃ​កាល​ជា​អង្វែង​ទៅ​។​ ​កាលដែល​លោក​កើតឡើង​ ​វិមាន​នៃ​ព្រហ្ម​ដែល​សូន្យ​គ្មាន​សត្វ​ ​ក៏​កើត​ប្រាកដ​ឡើង​ដែរ​។​ ​គ្រានោះ​ ​មាន​សត្វ​ម្នាក់​ច្យុត​ចាក​ពួក​អាភស្សរ​ព្រហ្ម​ ​ព្រោះ​អស់អាយុ​ ​ឬ​អស់បុណ្យ​ ​ហើយ​ទៅ​កើត​ក្នុង​វិមាន​នៃ​ព្រហ្ម​ដែល​ទំនេរ​នោះ​។​ ​លុះ​សត្វ​នោះ​បាន​កើត​ក្នុង​វិមាន​នោះ​ ​ក៏​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​យូរ​អស់​កាល​ជា​អង្វែង​(​២​)​ ​ដដែល​។​ ​សត្វ​ម្នាក់​នោះ​ ​ដែល​ទៅ​កើត​ក្នុង​វិមាន​នោះ​ ​ព្រោះ​នៅ​អស់​កាលយូរ​អង្វែង​ ​ក៏​មាន​សេចក្តី​អផ្សុក​ ​អន្ទះអន្ទែង​កើតឡើង​ ​ថា​ ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​សត្វ​ទាំងឡាយ​ឯទៀត​ ​មកកាន់​អត្តភាព​ ​ជា​ព្រហ្ម​បែបនេះ​ផង​។​ ​លំដាប់នោះ​ ​សត្វ​ទាំងឡាយ​ឯទៀត​ ​ច្យុត​ចាក​ពួក​អាភស្សរ​ព្រហ្ម​ ​ព្រោះ​អស់អាយុ​ ​ឬ​អស់បុណ្យ​ ​ហើយ​មក​កើត​ក្នុង​ព្រហ្មវិមាន​ ​ជាមួយគ្នា​នឹង​សត្វ​នោះ​។​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ប្រាប់​ថា​ ​អស់៨កប្ប​យ៉ាងច្រើន​។​ ​(​២​)​ ​អដ្ឋកថា​ប្រាប់​ថា​ ​ឋិតនៅ​អស់១កប្ប​ ​ឬ​កន្លះ​កប្ប​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636809366248738571
ទៅកាន់ទំព័រ៖