ព្រះត្រៃបិដក ភាគ ១៤
ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួលជាធម្មតា។ មួយវិញទៀត ធម្មជាតណា ដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើដោយសស្សតិវត្ថុ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិនោះ រមែងបញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិនទៀងខ្លះ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ (រមែងបញ្ញត្ត) ដោយហេតុទាំង៤នេះឯង ឬក៏បណ្តាហេតុទាំង៤នោះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីហេតុទាំង៤នេះឡើយ។
ID: 636809369107522084
ទៅកាន់ទំព័រ៖