ព្រះត្រៃបិដក ភាគ ១៤
[៣៧] ក្នុងហេតុទី៣ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើ និងទិសខាងក្រោម មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិសទាំង៨)។ បុគ្គលនោះឯង ក៏ពោលយ៉ាងនេះថា លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាទេ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមានកំណត់ទេ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះឯង ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ការនិយាយដូច្នោះ តើព្រោះហេតុអ្វី។
ID: 636809370440288314
ទៅកាន់ទំព័រ៖