ព្រះត្រៃបិដក ភាគ ១៤
ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចនឹងសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទំាងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។
[៣៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ
(១) កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤ប្រការ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសល។
(១) អដ្ឋកថា ថា អ្នកប្រកាន់ និយាយបោះសំដី មិនឲ្យស្លាប់ពាក្យ។ ន័យមួយទៀតថា អ្នកនិយាយបោះសំដី ក្រឡិចក្រឡុច មិនឲ្យគេចាប់ពាក្យបាន ដូចជាត្រីមួយបែបឈ្មោះ ត្រីអមរា ដែលស្ទុះទៅ ស្ទុះមក ភ្លែតចុះ ភ្លែតឡើង មិនឲ្យគេចាប់ខ្លួនបាន។
ID: 636809371689149744
ទៅកាន់ទំព័រ៖