ព្រះត្រៃបិដក ភាគ ១៤
នោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៤យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទំាងឡាយណា។
[៤៣] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ គឺអ្នកបញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ដែលជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតា ឈ្មោះថា អសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកពួកទេវតានោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានប្រាកដត្រង់សេចក្តីថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ កាលដែលមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ
ID: 636809375035531146
ទៅកាន់ទំព័រ៖