ព្រះត្រៃបិដក ភាគ ១៤
ដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុទាំង១៨នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងសំដែងដោយហេតុទាំង១៨នេះឯង ឬក៏បណ្តាហេតុទាំង១៨នុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីហេតុទាំង១៨នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តិទៅ ក្នុងលោកខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុប ក្រៃលែងជាងនោះទៅទៀតផង។ កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅ (នៃបរាមាសក្កិលេស)
ID: 636809375770133163
ទៅកាន់ទំព័រ៖