ព្រះត្រៃបិដក ភាគ ១៤
សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ សមណព្រាហ្មណ៍ទាំងនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួនមានទីបំផុតក៏មាន។ ខ្លួនមិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ក៏មាន។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៨យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៨យ៉ាងនុ៎ះ
ID: 636809380870374880
ទៅកាន់ទំព័រ៖