ព្រះត្រៃបិដក ភាគ ១៤
ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។
[៤៨] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន (មានសញ្ញាដូចជាគ្មានសញ្ញា គឺមានសញ្ញាដ៏ល្អិត) ខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន។បេ។ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួនមានទីបំផុតក៏មាន។ ខ្លួនមិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ក៏មាន។
ID: 636809381260717207
ទៅកាន់ទំព័រ៖