ព្រះត្រៃបិដក ភាគ ១៤
តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្លួននេះមានរូប ប្រកបដោយមហាភូតរូប៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងមិនមាន នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននោះឯង ឈ្មោះថា ដាច់សូន្យជាប្រាកដ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រាច់ទៅក្នុងកាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខ
ID: 636809381867711925
ទៅកាន់ទំព័រ៖