ព្រះត្រៃបិដក ភាគ ១៤
ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្តីសំគាល់ ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត ដល់នានត្តសញ្ញា គឺសេចក្តីសំគាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ
ID: 636809382346059285
ទៅកាន់ទំព័រ៖