ព្រះត្រៃបិដក ភាគ ១៤
នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួនដទៃ ដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស
ID: 636809382622185078
ទៅកាន់ទំព័រ៖