ព្រះត្រៃបិដក ភាគ ១៤

បំភ្លាត់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​ ​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​លះបង់​បិ​សុ​ណា​វាចា​ហើយ​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ហើយ​ ​ព្រះអង្គ​ឮ​ពាក្យ​ក្នុង​សំណាក់​នៃ​ពួក​ជន​ឯណេះ​ហើយ​ ​មិន​នាំ​យក​ទៅ​ប្រាប់​ដល់​ពួក​ជន​ឯណោះ​ ​ដើម្បី​បំបែកពួក​ជន​នេះ​ឡើយ​ ​ឬឮ​ពាក្យ​ក្នុង​សំណាក់​នៃ​ពួក​ជន​ឯណោះ​ហើយ​ ​មិន​នាំ​យក​មក​ប្រាប់​ដល់​ពួក​ជន​នេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ឡើយ​។​ ​ព្រះអង្គ​ ​ជា​អ្នកផ្សះផ្សា​នូវ​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ផង​ ​ជា​អ្នក​បន្ថែម​កំឡាំង​ឲ្យ​ដល់​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ហើយ​ផង​ ​ព្រះអង្គ​ ​មាន​សេចក្តី​ព្រមព្រៀង​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​ ​រីករាយ​ក្នុង​ការព្រមព្រៀង​ ​ទ្រង់​ពោល​វាចា​ដែល​ធ្វើឲ្យ​ព្រមព្រៀង​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​ ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​លះបង់​នូវ​ផរុសវាចា​ហើយ​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ហើយ​ ​ក៏​វាចា​ណា​ ​ដែល​ជា​សំដី​ឥតមាន​ទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរឲ្យ​អ្នកផង​ស្រឡាញ់​ពេញ​ហឫទ័យ​ ​ជា​សំដី​របស់​អ្នក​សប្បុរស​ ​ជាទី​ត្រេកអរ​នៃ​ជន​ច្រើន​នាក់​ ​ពេញចិត្ត​នៃ​ជន​ច្រើន​នាក់​ ​ទ្រង់​ពោល​តែ​វាចា​បែប​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636809352595367643
ទៅកាន់ទំព័រ៖