ព្រះត្រៃបិដក ភាគ ១៤
ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្តីអើពើ ឬសេចក្តីកួចកាន់នៃចិត្ត ថាសុខដូច្នេះ រមែងមានក្នុងតតិយជ្ឈាននោះ តតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ បានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ហើយបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ កើតអំពីឧបេក្ខាវេទនា ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ៥យ៉ាងនេះឯង។
ID: 636809384551515430
ទៅកាន់ទំព័រ៖