ព្រះត្រៃបិដក ភាគ ១៤
ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះមានព្រះភាគនេះ ជាអរហន្តសម្មាសម្ពុទ្ធ ឥឡូវនេះ ព្រះអង្គគង់នៅក្នុងវត្តអម្ពវ័នរបស់ខ្ញុំព្រះអង្គ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួន១២៥០រូប ឯកិត្តិស័ព្ទដ៏ពីរោះរបស់ព្រះមានព្រះភាគអង្គនោះ ឮខ្ចរខ្ចាយសុសសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាងហើយ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ មិនមានបុគ្គលណាមួយស្មើ ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត សូមព្រះសម្មតិទេព ស្តេចចូលទៅរកព្រះមានព្រះភាគនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកព្រះមានព្រះភាគហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ ព្រះរាជា ទ្រង់មានព្រះរាជបញ្ជាថា នែជីវកៈជាសំឡាញ់ បើដូច្នោះ ចូរអ្នកឲ្យរៀបចំយានដំរីទាំងឡាយចុះ។ ជីវកកោមារភត្យ ទទួលព្រះរាជបញ្ជា នៃព្រះបាទអជាតសត្តុវេទេហីបុត្ត
ID: 636809394949910184
ទៅកាន់ទំព័រ៖