ព្រះត្រៃបិដក ភាគ ១៤

មហារាជ​ ​មិន​ទើសទាល់​ទេ​ ​សូម​មហារាជ​ឆ្លើយ​មក​។​ ​ព្រះរាជា​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រះមានព្រះភាគ​ ​ឬបុគ្គល​ដែល​មាន​សភាព​ដូចជា​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ទីណា​ ​ទីនោះ​ ​ខ្ញុំ​ព្រះអង្គ​មិន​មាន​សេចក្តី​ទើសទាល់​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​សូម​មហារាជ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​មក​ចុះ​។​
 [​៩៤​]​ ​ព្រះរាជា​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​បូរណ​កស្សប​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​គ្រូ​ឈ្មោះ​បូរណ​កស្សប​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏បាន​អង្គុយ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ផ្តើម​ពាក្យសួរ​ដូច្នេះ​ ​ទៅ​នឹង​គ្រូ​ឈ្មោះ​បូរណ​កស្សប​ថា​ ​បពិត្រ​លោក​កស្សប​ដ៏​ចំរើន​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​ ​គឺ​សិល្បៈ​របស់​ពួក​បុគ្គល​អ្នក​ជិះដំរី​(​១​)​ ​អ្នក​ជិះសេះ​(​២​)​ ​អ្នកកាន់ការ​ខាង​រថ​ ​ពួក​ខ្មាន់ធ្នូ​ ​ពួក​អ្នក​កាន់​ទង់ជ័យ​ ​(​មុខ​)​ ​ពួក​អ្នក​ចាត់​ទ័ព​ ​ពួក​អ្នក​បញ្ជូនស្បៀង​ ​ពួក​ព្រះរាជ​បុត្ត​អ្នក​ពុះពារ​ ​(​លុកចូល​ក្នុង​សង្គ្រាម​)​ ​ពួក​អ្នក​ស្ទុះ​ ​
​(​១​)​ -​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​អ្នកថែរក្សា​ដំរី​សេះ​ ​ក៏​រាប់បញ្ចូល​ក្នុង​ជន​ពួក​នេះ​ទាំងអស់​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636809404682446853
ទៅកាន់ទំព័រ៖