ព្រះត្រៃបិដក ភាគ ១៤
ឃើញច្បាស់ ដោយខ្លួនឯងហើយ បែរជាដោះស្រាយ ដោយអកិរិយវាទទៅវិញ ក៏ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលដូចជាអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះបូរណកស្សបឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៥] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះមក្ខលិគោសាល លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះមក្ខលិគោសាល លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះមក្ខលិគោសាលថា បពិត្រលោកគោសាលដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកគោសាល
ID: 636809406092317493
ទៅកាន់ទំព័រ៖