ព្រះត្រៃបិដក ភាគ ១៤
[១០៣] បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាមនុស្សល្មួច។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេគប្បីជឿ មិនបានពោលបំភ្លាត់សត្វលោក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយកទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបានយកមកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សានូវជនទាំងឡាយ
ID: 636809415793212353
ទៅកាន់ទំព័រ៖