ព្រះត្រៃបិដក ភាគ ១៤
រមែងលះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្តមិនមានព្យាបាទ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿងប្រទូស្ត គឺព្យាបាទ រមែងលះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ រមែងលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត នៅដោយចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយចិត្តផុតវិចិកិច្ឆា ជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[១២៦] បពិត្រមហារាជ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ការងារទាំងនោះ របស់បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលអស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅប្រកបការងារ ៗទាំងអម្បាលនោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលដើមរួចអស់ហើយ ទ្រព្យចំណេញរបស់
ID: 636809424460528095
ទៅកាន់ទំព័រ៖