ព្រះត្រៃបិដក ភាគ ១៤
ទីប្រទេសបន្តិចបន្តួចនៃវារិជាតិទាំងអស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។
[១៣០] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះរមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ។
ID: 636809426736418268
ទៅកាន់ទំព័រ៖