ព្រះត្រៃបិដក ភាគ ១៤

សោត​ធាតុ​ជា​ទិព្វ​បរិសុទ្ធ​ស្អាត​ ​កន្លង​បង់​នូវ​សោត​ធាតុ​ជា​របស់​មនុស្ស​ធម្មតា​ហើយ​ ​រមែង​ឮ​នូវ​សម្លេង​ទាំងពីរ​ ​គឺ​សម្លេង​ទិព្វ១​ ​សម្លេង​មនុស្ស១​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​បាន​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​បុរស​ ​ដែល​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​បុរស​នោះ​ ​ឮ​សម្លេង​ស្គរធំ​ក្តី​ ​សម្លេង​សំភោរ​ក្តី​ ​សម្លេង​ស័ង្ខ​ក្តី​ ​សម្លេង​ស្គរជ័យ​ក្តី​ ​សម្លេង​ស្គរ​តូច​ក្តី​ ​បុរស​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះ​ជា​សម្លេង​ស្គរធំ​ ​នេះ​ជា​សម្លេង​សំភោរ​ ​នេះ​ជា​សម្លេង​ស័ង្ខ​ ​នេះ​ជា​សម្លេង​ស្គរជ័យ​ ​នេះ​ជា​សម្លេង​ស្គរ​តូច​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ការ​ភាវនា​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​សោត​ធាតុ​ជា​ទិព្វ​ ​ភិក្ខុ​នោះ​ ​កាលបើ​មាន​សោត​ធាតុ​ជា​ទិព្វ​បរិសុទ្ធ​ស្អាត​ ​កន្លង​បង់​នូវ​សោត​ធាតុ​ ​ជា​របស់​មនុស្ស​ធម្មតា​ហើយ​ ​រមែង​ឮ​សម្លេង​ទាំងពីរ​ ​គឺ​សម្លេង​ទិព្វ១​ ​សម្លេង​មនុស្ស១​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រមហារាជ​ ​នេះឯង​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំងឡាយ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636809428965785781
ទៅកាន់ទំព័រ៖