ព្រះត្រៃបិដក ភាគ ១៤
ទូតកម្មនោះ តើដូចម្តេច។ គឺទៅដោយពាក្យប្រើរបស់ស្តេច ពួកអាមាត្រធំនៃស្តេច ពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកគហបតិ ឬពួកកុមារថា លោកចូរទៅក្នុងទីនេះ លោកចូរទៅក្នុងទីឯណោះ លោកចូរនាំយករបស់នេះទៅ លោកចូរនាំយករបស់នេះ ពីទីឯណោះមក។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
[១៨] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងគេឲ្យភាន់ច្រឡំ (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកពោលពាក្យរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកលាភ ដោយលាភខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការកុហក និងពាក្យរាក់ទាក់ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
ចប់ មជ្ឈិមសីល។
ID: 636809358111403142
ទៅកាន់ទំព័រ៖