ព្រះត្រៃបិដក ភាគ ១៤
[១៤៣] សម័យនោះឯង មាណពឈ្មោះអម្ពដ្ឋ ជាសិស្សរបស់ព្រហ្មណបោក្ខរសាតិ ជាអ្នករាយមន្ត ចេះចាំនូវមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ
(១) ព្រមទាំងគម្ពីរនិឃណ្ឌុ
(២) គម្ពីរកេតុភៈ
(៣) ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ
(៤) ជាគំរប់៥ ជាអ្នករៀនយកនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកដែលអាចារ្យបានអនុញ្ញាតហើយ ទាំងខ្លួន ក៏បានប្តេជ្ញាហើយថា ខ្ញុំចេះអ្វី អ្នកក៏ចេះនោះដែរ អ្នកចេះអ្វី ខ្ញុំក៏ចេះនោះដែរ ក្នុងបាវចនៈ (ពាក្យជាប្រធាន គឺលទ្ធិសាសនា) ដែលប្រកបដោយត្រៃវិជ្ជា ក្នុងសំណាក់អាចារ្យរបស់ខ្លួន។ គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ហៅអម្ពដ្ឋមាពណមកប្រាប់ថា នែអម្ពដ្ឋ ព្រះសមណគោតម ជាសក្យបុត្រនេះ ចេញចាកសក្យត្រកូល ទៅទ្រង់ផ្នួសហើយ ត្រាច់មកកាន់ចារិកក្នុងកោសលជនបទ ឥឡូវ ទ្រង់ពុទ្ធដំណើរ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប មកដល់ស្រុកឥច្ឆានង្គលៈ គង់ក្នុងដងព្រៃ
(១) អដ្ឋកថា ថា ត្រៃវេទនោះ បានដល់វេទ៣ គឺឥរុព្វេទ១ យជុព្វេ១ សាមវេទ១។ (២) ដីកាថា គម្ពីរដែលសំដែងអំពីសព្ទ និងវិធីចែកសព្ទ តាមលំដាប់ពាក្យ (អក្ខរាភិធានសព្ទ ឬសព្ទវចនាធិប្បាយ)។ (៣) ដីការថា គម្ពីរដែលនិយាយអំពីកំណត់កិរិយាសព្ទ មានវិកប្បច្រើនយ៉ាង ដែលចែកចេញទៅជាវណ្ណៈ បទ សម្ព័ន្ធ និងអត្ថនៃបទ ជាដើម ដែលហៅថា មូលកិរិយាកប្បសាស្ត្រ។ (៤) អដ្ឋកថា ថា គម្ពីរដែលនិយាយពីរឿងព្រេង ប្រកបដោយពាក្យថា ឥតិហអាសៈឥតិហអាសៈ។
ID: 636809435925403848
ទៅកាន់ទំព័រ៖