ព្រះត្រៃបិដក ភាគ ១៤
[១៥១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ ប្រស្នាប្រកបដោយហេតុនេះឯង មកដល់អ្នកហើយ ទោះបីអ្នកមិនប្រាថ្នានឹងឆ្លើយ ក៏ត្រូវតែឆ្លើយ បើអ្នកនឹងមិនឆ្លើយក្តី នឹងនិយាយវាសវាងទៅរកហេតុដទៃ ដោយរឿងដទៃក្តី អ្នកនឹងនៅស្ងៀមក្តី នឹងដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា៧ភាគ ក្នុងទីនេះមិនខាន ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយនគោត្រ កើតអំពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណពក៏នៅស្ងៀម។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព អស់វារៈពីរដងទៀតថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណពក៏នៅស្ងៀម អស់វារៈពីរដង។ គ្រានោះ
ID: 636809449969817142
ទៅកាន់ទំព័រ៖