ព្រះត្រៃបិដក ភាគ ១៤

កុលបុត្រ​ដែល​មាន​សទ្ធា​ ​គួរណាស់តែ​រក​ស្បៀង​យក​ទៅ​ ​ដើម្បីនឹង​ចូល​ទៅ​គាល់​ឲ្យបាន​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​និយាយ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​យើង​ទាំងអស់គ្នា​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​លំដាប់នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ព្រមទាំង​ពួក​ព្រាហ្មណ៍​ជាច្រើន​ ​បាន​ចូល​សំដៅ​ទៅត្រង់​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​។​ ​លុះ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ចូល​ទៅដល់​ខាងក្រៅ​ដងព្រៃ​(​១​)​ ​ក៏​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ប្រសិនជា​អាត្មាអញ​ ​សួរ​ប្រស្នា​ចំពោះ​ព្រះសមណគោតម​ ​បើ​ព្រះសមណគោតម​ ​ពោល​យ៉ាងនេះ​ ​នឹង​អាត្មាអញ​ ​ក្នុង​ប្រស្នា​នោះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រស្នា​នុ៎ះ​ ​អ្នក​មិន​ត្រូវ​សួរ​យ៉ាងនេះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មតា​ប្រស្នា​បែប​នុ៎ះ​ ​គេ​គួរ​សួរ​យ៉ាងនេះ​វិញ​ ​(​បើ​ដូច្នោះ​)​ ​បរិសទ្យ​នេះ​ ​មុខ​ជា​នឹង​មើលងាយ​អាត្មាអញ​ ​ដោយហេតុ​នោះ​ ​ថា​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​ ​មិន​អាច​ដើម្បីនឹង​សួរ​ប្រស្នា​ចំពោះ​ព្រះសមណគោតម​ ​ដោយ​យោបល់​បាន​ ​បរិសទ្យ​នេះ​ ​បើ​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ ​
​(​១​)​ ​បើ​តាម​អដ្ឋកថា​ពន្យល់​ថា​ ​ខាងក្នុង​ ​គឺ​ព្រៃ​ដែល​នៅត្រង់​ចន្លោះ​ទី​ដែល​ព្រះអង្គ​គង់​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636809464729431344
ទៅកាន់ទំព័រ៖