ព្រះត្រៃបិដក ភាគ ១៤
[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង៣នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ២ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយអង្គ២នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចំរើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ចំរើន ក៏បណ្តាអង្គទាំង៣នេះ យើងលើកអង្គ គឺជាតិចេញ ដ្បិតជាតិ នឹងធ្វើអ្វីកើត បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គត្រឹមតែ២នោះ) គឺជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ២នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ២នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង។
ID: 636809467517080789
ទៅកាន់ទំព័រ៖