ព្រះត្រៃបិដក ភាគ ១៤
ម្នាលអ្នកទាំងឡាយដ៏ចំរើន ឯអង្គកមាណព មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតាជាគំរប់៧មក មិនដែលមាននរណាមួយពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតបាន ខ្ញុំក៏ស្គាល់មាតាបិតារបស់វា ម្នាលអ្នកទាំងឡាយដ៏ចំរើន តែអង្គកមាណពសម្លាប់សត្វខ្លះ យកទ្រព្យដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុសក្នុងភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ផឹកទឹកស្រវឹងខ្លះ ឥឡូវ បើលើកយកសេចក្តីនេះមកនិយាយ វណ្ណៈ នឹងយកជាការអ្វីបាន មន្ត នឹងយកជាការអ្វីបាន ជាតិ នឹងយកជាការអ្វីបាន ម្នាលអ្នកទាំងឡាយដ៏ចំរើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គ២) គឺជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២ របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា១ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ២នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ២នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង។
ID: 636809468570721053
ទៅកាន់ទំព័រ៖