ព្រះត្រៃបិដក ភាគ ១៤
ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង២រូប គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ ទៅរកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយៗ ព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់សម្រាកកាយ បានផ្តើមពាក្យស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះមិនធ្លាប់កើត បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ទ្រង់ឃើញច្បាស់ ទ្រង់ជ្រាបចំពោះនូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ចំណែកខាងព្រហ្មទត្តមាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ ទៅរកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយៗ នៃព្រះមានព្រះភាគ
ID: 636809350879809518
ទៅកាន់ទំព័រ៖