ព្រះត្រៃបិដក ភាគ ១៤

ឯ​សត្វ​ទាំងនោះ​ ​លុះ​កើត​ក្នុង​ព្រហ្មវិមាន​នោះ​ហើយ​ ​ក៏​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​យូរ​ ​អស់​កាល​ជា​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សត្វ​ទាំងនោះ​ ​សត្វ​ណា​បាន​ទៅ​កើតជា​ដំបូង​ ​សត្វ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ជា​ព្រហ្ម​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​លើ​ព្រហ្ម​ឯ​ទៀ​តៗ​ ​ព្រហ្ម​ឯទៀត​ ​មិន​អាច​គ្រប​សង្កត់​លើ​អាត្មាអញ​បាន​ ​អាត្មាអញ​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ឲ្យ​លុះ​នៅក្នុង​អំណាច​ខ្លួន​ជាធំ​ ​(​ក្នុង​លោក​)​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជា​ចំបង​ជាង​សត្វលោក​ ​ជា​អ្នក​បញ្ញត្ត​លោក​(​១​)​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​នៃ​ពួកភូត​ ​និង​ពួ​ក​ភព្យៈ​(​២​)​ ​សត្វ​ទាំងនេះ​ ​សុទ្ធតែ​អាត្មាអញ​ ​តាក់តែង​ហើយ​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អាត្មាអញ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​កាលពីដើម​មក​ ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​បាន​ពួក​សត្វ​ឯទៀត​មកកាន់​អត្តភាព​ ​ជា​ព្រហ្ម​បែប​អញ​នេះ​ផង​។​ ​
​(​១​)​ ​អ្នកឲ្យ​ឈ្មោះ​សត្វលោក​ថា​ ​ក្សត្រិយ៍​ ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​គ្រហស្ថ​ ​បព្វជិត​ជាដើម​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​អណ្ឌជ​សត្វ​ ​និង​ជលាម្ពុជ​សត្វ​ ​ដែល​នៅក្នុង​ស្រោម​ស៊ុត​ ​ឬ​ស្រោម​គភ៌​ ​ហៅថា​ ​ភព្យៈ​ ​ដែល​កើត​ចេញ​មក​ហើយ​ ​ហៅថា​ ​ភូត​។​ ​ចំណែក​សំសេទជ​សត្វ​ ​ដែល​កើត​ក្នុង​ខណ​ចិត្ត​ ​ជាបឋម​ ​ហៅថា​ ​ភព្យៈ​ ​តាំងពី​ខណៈ​ចិត្ត​ ​ជា​គំរប់​ពីរ​ទៅ​ ​ហៅថា​ ​ភូត​។​ ​ឯ​ឧបបាតិក​សត្វ​វិញ​ ​ដែល​កើត​ក្នុង​ឥរិយាបថ​ជាបឋម​ ​ហៅថា​ ​ភព្យៈ​ ​តាំង​អំពី​ឥរិយាបថ​ជា​គំរប់​ពីរ​ទៅ​ ​ហៅថា​ ​ភូត​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636809366665072384
ទៅកាន់ទំព័រ៖