ព្រះត្រៃបិដក ភាគ ១៤
បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ នឹងអះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ពាក្យនៃអាត្មាអញនោះ នឹងជាមុសា ពាក្យនៃអាត្មាអញណា ជាមុសា ពាក្យនោះ នឹងជាសេចក្តីចង្អៀតចង្អល់ចិត្តនៃអាត្មាអញ សេចក្តីចង្អៀតចង្អល់ចិត្តណារបស់អាត្មាអញ សេចក្តីចង្អៀតចង្អល់ចិត្តនោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះតែសេចក្តីត្រិះរិះយ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសលឡើយ ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើមមុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិនមែន
(១) ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន
(២) សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន
(៣) ។
(១) អដ្ឋកថា ថា ត្រង់ពាក្យដែលថា យ៉ាងនេះក៏មិនមែន ជាពាក្យឃាត់អាការសួរណាៗ ដែលមិនមានទីកំណត់។ (២) ត្រង់ពាក្យថា យ៉ាងនោះ ក៏មិនមែន ជាពាក្យឃាត់សស្សតវាទ គឺពាក្យពោលថា លោកទៀង (បព្វៈ២៧ ២៨ ២៩ ៣០)។ (៣) ត្រង់ពាក្យថា យ៉ាងដទៃ ក៏មិនមែន ជាពាក្យឃាត់ឯកច្ចសស្សតឯកច្ចអសស្សតវាទ គឺពាក្យថា លោកទៀងខ្លះ មិនទៀងខ្លះ (បព្វៈ ៣១ ៣២ ៣៣ ៣៤)។
ID: 636809372236841071
ទៅកាន់ទំព័រ៖