ព្រះត្រៃបិដក ភាគ ១៤
ទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះហើយ (ចាកកិលេស) ព្រោះមិនបានប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងនូវធម៌ទាំងឡាយបាន ពួកជន កាលពោលសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលកម្រឃើញបាន ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបអាចដឹងបាន។
[៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោក
ID: 636809385994847984
ទៅកាន់ទំព័រ៖