ព្រះត្រៃបិដក ភាគ ១៥
បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសាស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់ហើយនូវសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង នេះជាសីលសម្បទា នៃភិក្ខុនោះឯង។បេ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ រមែងទទួលនូវសេចក្តីសុខ មិនមានទោសតាំងនៅខាងក្នុង ម្នាលកស្សប យ៉ាងនេះហៅថា ភិក្ខុបរិបូណ៌ដោយសីល ម្នាលកស្សប នេះឯងឈ្មោះថា សីលសម្បទា។បេ។ បានដល់នូវបឋមជ្ឈាន នេះជាចិត្តសម្បទានៃភិក្ខុនោះឯង ម្នាលកស្សប នេះឯងឈ្មោះថា ចិត្តសម្បទា ។បេ។ ភិក្ខុផ្ចង់តម្រង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីនេះ មិនមានឡើយ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ ម្នាលកស្សប នេះឯង ឈ្មោះថា បញ្ញាសម្បទា ។ ម្នាលកស្សប សីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទាឯទៀត ដ៏លើសលុបថ្លៃថ្លា ជាងសីលសម្បទា ចិត្តសម្បទា បញ្ញាសម្បទានេះគ្មានទេ។
ID: 636811811416834186
ទៅកាន់ទំព័រ៖