ព្រះត្រៃបិដក ភាគ ១៥
[៧៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ដែលបានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មិនមានចិត្តត្រេកអរពន់ប្រមាណ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មានចិត្តត្រេកអរពន់ប្រមាណណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ នឹងឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[៧៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយមកហើយ តែចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា អន្យតិរ្ថិយនោះ ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា
ID: 636811812634483832
ទៅកាន់ទំព័រ៖