ព្រះត្រៃបិដក ភាគ ១៥
សម័យនោះ សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៥] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវរូបសញ្ញា
(១) ព្រោះអស់ទៅនៃបដិឃសញ្ញា
(២) ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា
(៣) ដោយប្រការទាំងពួងហើយ ភិក្ខុក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ រូបសញ្ញា ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
(១) សេចក្តីសំគាល់ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។ (២) សេចក្តីសំគាល់ ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នានឹងអារម្មណ៍ មានរូបជាដើម។ (៣) សញ្ញា ដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។
ID: 636811816581459586
ទៅកាន់ទំព័រ៖