ព្រះត្រៃបិដក ភាគ ១៥
ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះ កើតព្រោះការហាត់ សញ្ញាខ្លះ រលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។
[៨៨] ម្នាលបោដ្ឋបាទ ភិក្ខុណាក្នុងសាសនានេះ មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំដាប់ហើយ ក៏បាននូវសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅក្នុងសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើបប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរនឹងចូលឈាន មិនគួររវល់តែនឹងចូលឈានឡើយ។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់នឹងចូលឈាន កាលបើភិក្ខុនោះ លែង
ID: 636811817128680885
ទៅកាន់ទំព័រ៖