ព្រះត្រៃបិដក ភាគ ១៥
ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោកមិនទៀង។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើបរិព្វាជកទាំងនោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជកទាំងនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំឯងក៏មិនដឹងច្បាស់ នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម បានសំដែងថា លោកទៀងឬ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនងនៃធម៌ ក៏កាលព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះ មិនសមបើបុរស ជាវិញ្ញូដូចយ៉ាងខ្ញុំហើយ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ។
ID: 636811820975910934
ទៅកាន់ទំព័រ៖