ព្រះត្រៃបិដក ភាគ ១៥
[៩៩] ម្នាលបោដ្ឋបាទ ឯបរិព្វាជកទាំងអស់គ្នានោះឯង សុទ្ធតែជាបុគ្គលខ្វាក់ ឥតមានចក្ខុ គឺបញ្ញាសោះឡើយ បណ្តាបរិព្វាជកទាំងនោះ មានតែអ្នកឯងមួយ ជាបុគ្គលមានចក្ខុ គឺបញ្ញាដោយពិត។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ដែលប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយក៏មាន។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយដែលមិនប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ក៏មាន។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយ ដែលមិនប្រព្រឹត្តទៅ ដោយចំណែក១ តថាគត បានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅដោយចំណែកមួយថា លោកទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។បេ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមានទីបំផុតដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនមានទីបំផុតដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈនោះ គឺសរីរៈនោះ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។
ID: 636811821234205708
ទៅកាន់ទំព័រ៖