ព្រះត្រៃបិដក ភាគ ១៥
ព្រះសមណគោតម មិនមែនចំរើន រុងរឿងឡើង ដោយហេតុយ៉ាងនោះទេ តាមដែលពិត យសបរិវារ របស់ព្រះសមណគោតម ចំរើនរុងរឿងឡើង ដោយការបរិបូណ៌ ដោយវិជ្ជា និងចរណៈ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ទាំងអគ្គមហេសី ទាំងរាជបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ និងអគ្គមហេសី ព្រមទាំងបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រាហ្មណ៍បោក្ខរសាតិ ព្រមទាំងបុត្រ ភរិយា ទាំងបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រាហ្មណ៍បោក្ខរសាតិ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រះសមណគោតម បានមកដល់ខានុមត្តគ្រាមហើយ ឥឡូវនេះគង់ក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមកដល់គាមក្ខេត្ររបស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតមនេះឯង បានមកដល់ខានុមត្តគ្រាម
ID: 636811777711846371
ទៅកាន់ទំព័រ៖