ព្រះត្រៃបិដក ភាគ ១៥
សេចក្តីសុខតែមួយយ៉ាង នែគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងទាំងឡាយ ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនបានឮទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យដោយពិតទេ។
[១០៣] ម្នាលបោដ្ឋបាទ ពុំនោះសោត ប្រៀបដូចបុរសធ្វើជណ្តើរ ក្នុងផ្លូវធំទាំង៤ បម្រុងនឹងឡើងទៅកាន់ប្រាសាទ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬខាងត្បូង ខាងលិច ឬខាងជើង ជាប្រាសាទខ្ពស់ ទាប ឬយ៉ាងកណ្តាល ដែរឬ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា មិនស្គាល់ទេ ពួកជន ក៏សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទ ដែលខ្លួនមិនស្គាល់ មិនឃើញ បានដែរឬ។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។
ID: 636811823386838831
ទៅកាន់ទំព័រ៖