ព្រះត្រៃបិដក ភាគ ១៥
គប្បីព្យាករយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ការបាននូវអរូបអត្តភាពនោះ គឺសត្វដែលមិនមានរូប សម្រេចដោយសញ្ញានេះឯង។បេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់នូវសេចក្តីនេះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិតរបស់ព្រះអង្គ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។
[១១១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចិត្តហត្ថិសារីបុត្ត ក៏ក្រាបទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការបាននូវឱឡារិកអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវមនោមយអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ គឺខានបាន ក្នុងសម័យនោះ បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវមនោមយអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ ក្នុងសម័យនោះ បានត្រឹមតែមនោមយអត្តភាពប៉ុណ្ណោះឬ
ID: 636811826413081922
ទៅកាន់ទំព័រ៖