ព្រះត្រៃបិដក ភាគ ១៥
កើតក្នុងត្រកូលឯណានីមួយ ជាខាងក្រោយក្តី ស្តាប់នូវធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គលដែលនៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ ពេញលេញ ឲ្យបរិសុទ្ធពេញលេញ ដូចស័ង្ខដែលគេខាត់ហើយនោះទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់នូវសំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះកាលជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សង្រួមក្នុងបាតិមោក្ខសំវរសីល ប្រកបដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ
ID: 636811830189337912
ទៅកាន់ទំព័រ៖