ព្រះត្រៃបិដក ភាគ ១៥

បរិបូណ៌​ដោយ​សីល​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​មាណព​ ​នេះឯង​ជា​អរិយ​សីលក្ខន្ធ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ពោល​សរសើរ​ហើយ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​កិច្ច​ដែល​គួរ​ធ្វើ​តទៅ​ ​ក្នុង​សាសនា​នេះ​ ​នៅ​មាន​ទៀត​។​ ​សុភ​មាណព​ ​ពោល​សរសើរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​ជា​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​មិនធ្លាប់​មាន​ ​បែរជា​មានបាន​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ក៏​អរិយ​សីលក្ខន្ធ​នោះ​ ​បរិបូណ៌​ហើយ​ ​មិនមែន​ជា​មិន​បរិបូណ៌​ទេ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​មិនដែល​ឃើញ​នូវ​អរិយ​សីលក្ខន្ធ​ ​ដែល​បរិបូណ៌​ហើយ​យ៉ាងនេះ​ ​ក្នុង​ពួក​សមណៈ​ដទៃ​ ​ខាងក្រៅ​ព្រះពុទ្ធ​សាសនា​នេះ​ទេ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពួក​សមណព្រាហ្មណ៍​ដទៃ​ ​ខាងក្រៅ​ព្រះពុទ្ធ​សាសនា​នេះ​ ​គង់​បានឃើញ​អរិយ​សីលក្ខន្ធ​ ​ដែល​បរិបូណ៌​ហើយ​ ​យ៉ាងនេះ​ក្នុង​ខ្លួន​ដែរ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពេញចិត្ត​ដោយ​គុណ​ ​ត្រឹមតែ​សីលក្ខន្ធ​ប៉ុណ្ណោះ​ថា​ ​ល្មម​ហើយដោយ​គុណ​ ​មាន​ប្រមាណ​ប៉ុណ្ណោះ​ ​សម្រេច​ហើយដោយ​គុណ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​ ​យើង​បាន​ដល់​ដោយលំដាប់​ហើយ​ ​កិច្ច​នីមួយ​ ​ដែល​យើង​ទាំងឡាយ​ ​គប្បី​ធ្វើ​តទៅ​ ​មិន​មាន​ឡើយ​។​ ​ចំណែក​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ថា​ ​កិច្ច​ដែល​គួរ​ធ្វើ​តទៅ​ ​ក្នុង​សាសនា​នេះ​ ​នៅ​មាន​ទៀត​។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636811831306071785
ទៅកាន់ទំព័រ៖